អ្នកស្រី Ly Thi Quyen ប្រធានសហករណ៍ Thien An (Bac Kan) ជាមួយនឹងផលិតផលខ្នើយរុក្ខជាតិដែលផលិតដោយសហករណ៍ (រូបថត៖ Cong Luan/VOV)

ថ្វីត្បិតតែបញ្ចប់ការសិក្សាពីមហាវិទ្យាល័យគុរុកោសល្យ ប៉ុន្តែដោយសារហេតុផលជាច្រើន អ្នកស្រី Ly Thi Quyen បានទុកចោលក្តីសុបិនជាគ្រូបង្រៀន ដើម្បីប្រកបមុខរបរធ្វើស្រែចម្ការនៅស្រុកកំណើតរបស់ខ្លួន នៅភូមិ Na It ឃុំ Vi Huong ស្រុក Bach Thong ខេត្ត Bac Kan។ ដោយដឹងថា ភូមិមានកសិផលជាច្រើនប្រភេទ ដែលប្រជាជនដាំសម្រាប់តែប្រើប្រាស់ប្រចាំថ្ងៃ ឬយកទៅនៅផ្សារស្រុកម្តងម្កាល អ្នកស្រី Quyen មានបំណងអភិវឌ្ឍឲ្យទៅជាផលិតផលមានតម្លៃខ្ពស់។ អ្នកស្រីបានពិភាក្សាជាមួយស្ត្រីមួយចំនួននៅក្នុងភូមិអំពីវិធីធ្វើចេកក្រៀម ដែលអាចរក្សាទុកបានយូរ ហើយលក់បានតម្លៃខ្ពស់។ នៅឆ្នាំ ២០១៧ សហករណ៍ Thien An ត្រូវបានបង្កើតឡើងដោយមានអ្នកស្រី Quyen ជាប្រធាន។ ត្រឹមតែ១ឆ្នាំក្រោយមក ចេកក្រៀមរបស់សហករណ៍ Thien An បានបង្កើតម៉ាកយីហោនៅលើទីផ្សារ ហើយបានគណៈកម្មាធិការប្រជាជនខេត្ត Bac Kan ប្រគល់វិញ្ញាបនបត្រ កម្មវិធីជាតិឃុំមួយផលិតផលមួយ (OCOP) ផ្កាយ៣។ លោកស្រី Ly Thi Quyen នាយិការសហករណ៍ Thien An បានឲ្យដឹងថា៖ “គោលគំនិតរបស់ប្រជាជនរស់នៅទីនេះ គឺស្ត្រីកើតមកដើម្បីតែធ្វើស្រែចម្ការ ហើយមិនអាចធ្វើសេដ្ឋកិច្ចបានទេ។ ហើយស្ទើរតែគ្មាននរណាម្នាក់គាំទ្រខ្ញុំលើការអភិវឌ្ឍន៍សេដ្ឋកិច្ចនោះឡើយ។ ទីពីរ ពេលចាប់អាជីពជំនួញ គឺលែងមានពេលមើលថែទាំកូន ឬគ្រប់គ្រងគ្រួសារទៀតហើយ។ សម្រាប់ខ្ញុំ ខ្ញុំជាស្ត្រីមេមាយ រស់នៅជាមួយឪពុកម្តាយដែលមានវ័យចំណាស់ និងចិញ្ចឹមកូនតូចតែម្នាក់ឯង ដូច្នេះផ្លូវឆ្ពោះទៅរកការបើកអាជីវកម្មគឺពិបាកខ្លាំងណាស់”។

បន្ទាប់ពីជោគជ័យលើផលិតផលចេកក្រៀម អ្នកស្រី Quyen បានបន្តស្រាវជ្រាវ និងបង្កើតផលិតផលមួយចំនួនទៀត ដូចជា៖ ទឹកឃ្មុំ មើមទំពាំងព្រៃ...។ ប៉ុន្តែដោយសារខ្វះសម្ភារៈបរិក្ខារ ផលិតផលតិច និងការប្រកួតប្រជែងទីផ្សារ ហេតុដូច្នេះ ប្រាក់ចំណូលរបស់សហករណ៍មិនដូចការរំពឹងទុកទេ។ បន្ទាប់ពីបានគិតពិចារណាច្រើនលើកច្រើនសារមក អ្មកស្រីបានសម្រេចចិត្តប្តូរទៅផលិតផលិតផលពីឱសថបុរាណនិងផលិតចេញផលិតផលពីក្រណាត់ចរបាប់។ ដោយមានរូបមន្តឱសថដ៏មានតម្លៃរបស់ជនជាតិ Dao ពីរុក្ខជាតិព្រៃឈើ សហករណ៍បានផ្តោតលើការផលិតរុក្ខជាតិឱសថទៅជាផលិតផលដូចជា៖ ថ្នាំងូតទឹកសម្រាប់មនុស្សពេញវ័យ កុមារ និងស្ត្រីក្រោយសម្រាល; ឱសថម៉ាស្សាជាដើម។ ព្រមជាមួយនោះគឺជាផលិតផលធ្វើពីក្រណាត់ចរបាប់ដូចជា៖ ក្រមា មួក របាំងមុខ កម្រាលតុ ឬសំលៀកបំពាក់ជនជាតិប៉ាក់ដោយដៃ កម្រាលពូក ខ្នើយ ភួយ ... ជាពិសេសអ្នកស្រីនិងអ្នកភូមិបានបង្កើតនិងបើកដំណើរការផលិតផលខ្នើយឱសថពីក្រណាត់ចរបាប់ ដែលជាផលិតផល រួមបញ្ចូលគ្នានូវគម្របខ្នើយចរបាប់ ជាមួយការបំពេញខ្នើយជាឱសថ ជួយបំបាត់ភាពនឿយហត់ និងធ្វើឲ្យមានភាពស្រស់ស្រាយ។ ធ្វើការវាយតម្លៃអំពីអ្នកស្រី Ly Thi Quyen, លោក Ngo Van Hung លេខាសាខាបក្សភូមិ Na It បានឲ្យដឹងថា៖ “អ្នកស្រី Ly Thi Quyen ជានារីវ័យក្មេង មានភាពស្វាហាប់ ហ៊ានគិត ហ៊ានធ្វើ និងតែងតែខិតខំជំនះរាល់ការលំបាក។ ថ្វីត្បិតតែដំបូងឡើយជួបប្រទះនឹងការលំបាក នឿយហត់ក៏ដោយ ប៉ុន្តែនាងអាចនាំផលិតផលឱសថជនជាតិ Dao ទៅកាន់ទីផ្សារបានដោយជោគជ័យ។ ជនជាតិ Dao មានប្រភពឱសថដ៏មានតម្លៃដែលមិនត្រូវបានធ្វើអាជីវកម្មពីមុនមក បង្កើតការងារធ្វើដល់សមាជិកនៃសហករណ៍ Thien An”។

បងប្អូនស្ត្រីអនុវត្តបច្ចេកវិទ្យាព័ត៌មានបន្តិចម្តងៗក្នុងការគ្រប់គ្រងផលិតកម្ម និងការផ្សព្វផ្សាយផលិតផល និងការណែនាំ (រូបថត៖ Cong Luan/VOV)

ដើម្បីបង្កើតផលិតផលប្រកបដោយគុណភាពជាក់ស្តែង និងរក្សាពណ៌ធម្មជាតិ អ្នកស្រី Quyen និងសហករណ៍បានខ្ចីដើមទុន ដើម្បីវិនិយោគក្នុងប្រព័ន្ធស្ងួតត្រជាក់ ហើយនាំគ្នាស្រាវជ្រាវតាមអ៊ីនធឺណិតដើម្បីបង្កើតគំនិតរចនាឱ្យសមស្របនឹងនិន្នាការទីផ្សារ។ អ្នកស្រី Quyen ក៏តែងតែចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលស្តីពីការផ្លាស់ប្តូរឌីជីថល និងការលើកកម្ពស់ពាណិជ្ជកម្មផងដែរ។ ពីនោះ អ្នកស្រី និងសមាជិកនៃសហករណ៍បានរៀនពីរបៀបផលិតវីដេអូ លក់បន្តផ្ទាល់ ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច ដើម្បីផ្សព្វផ្សាយ និងណែនាំផលិត ផល។ ផលិតផលរបស់សហករណ៍ Thien An ត្រូវបានអតិថិជនស្គាល់ច្រើន និងប្រើប្រាស់បានយ៉ាងល្អនៅក្នុងទីក្រុងធំៗដូចជា ហាណូយ ហាយហ្វុង ទីក្រុងហូជីមិញ ហើយត្រូវបាន ភ្ញៀវអន្តរជាតិនិយមចូលចិត្តខ្លាំង។

ជារៀងរាល់ខែ សហករណ៍ Thien An ផ្គត់ផ្គង់ទៅកាន់ទីផ្សារជាមួយនឹងផលិតផលឱសថជាង ២០០ មុខ ដោយហេតុនេះបង្កើតការងារស្ថិរភាពសម្រាប់សមាជិកជនជាតិ Dao ពី ១៥-២០ នាក់ ដោយទទួលបានចំណូលពី ៥-៦ លានដុង/ខែ។ អ្នកស្រី Ly Thi Chanh សមាជិកនៃសហករណ៍ Thien An បានឲ្យដឹងថា៖ “ពីមុនខ្ញុំធ្វើការជាជាងកាត់ដេរនៅផ្ទះ ប៉ុន្តែប្រាក់ចំណូលរបស់ខ្ញុំមិនស្ថិតស្ថេរទេ ឥឡូវនេះធ្វើការនៅសហករណ៍របស់អ្នកស្រី Quyen ខ្ញុំមានប្រាក់ចំណូលស្ថិរភាព ការងារមានប្រចាំ ហើយមិនបាច់ធ្វើដំណើរឆ្ងាយទេ នៅតែមានពេលមើលថែគ្រួសាររបស់ខ្លួន”។

មកទល់នឹងពេលនេះ សហករណ៍ Thien An របស់នាយិការស្ត្រី Ly Thi Quyen មានផលិតផលចំនួន ៩ មុខ ដែលបំពេញតាមស្តង់ដារ OCOP។ ក្នុងឆ្នាំ ២០២៣ អ្នកស្រី Ly Thi Quyen ទទួលបានជ័យលាភីលេខ ១ ក្នុងកម្មវិធី “ស្ត្រីវៀតណាមប្រកបអាជីវកម្ម ដោយទំនុកចិត្ត” ដោយសម្ព័ន្ធសមាគមនារីវៀតណាមរៀបចំឡើង។ អ្នកស្រី Quyen គ្រោងនឹងពង្រីកទីផ្សារ មិនត្រឹមតែផលិតផលប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំចេញទៅកាន់ទីផ្សារជុំវិញពិភពលោកទៀតផង៕