ក្នុងឆ្នាំ ២០១៦ លោកគ្រូ Ha Lo Tuan ត្រូវបានបញ្ជូនធ្វើការនៅសាលា Khuoi Hau ហើយបានចូលរួមក្នុងសកម្មភាពសាខាបក្សភូមិ (រូបថត៖ VOV)

នៅឆ្នាំ ២០១៦ នៅពេលបានផ្លាស់ទីលំនៅដំបូងពីស្រុក Bao Lam (Cao Bang) ទៅសាលាបឋមសិក្សា Mai Long លោកគ្រូជនជាតិតៃ Ha Lo Tuan បានបំពេញការងារនៅសាលា Khuoi Hau ដែលមានចម្ងាយជិត ១០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលឃុំ។ នៅពេលនោះ Khuoi Hau គ្មានផ្លូវធំទូលាយទៅកាន់កណ្តាលស្រុកនៅឡើយនិងគ្មានបណ្តាញអគ្គិសនី ហើយប្រជាជន ភាគច្រើនមិនចេះអក្សរ។ សាខាបក្ស Khuoi Hau មានបក្ខជនតែម្នាក់គត់ ដែលជាអ្នកក្នុងមូលដ្ឋាន។ នៅឆ្នាំ ២០១៧ លោក Tuan ត្រូវបានជ្រើសតាំងជាលេខាសាខាបក្ស។ ដោយរំលឹកពីថ្ងៃដំបូងចាប់ផ្តើមកសាងសាខាបក្ស និងពង្រីកបក្ខជនក្នុងមូលដ្ឋាន លោកគ្រូ Ha Lo Tuan បានចែក រំលែក ថា៖ “ដំបូងឡើយ ខ្ញុំត្រូវព្យាយាមសម្របខ្លួនជាមួយអ្នកភូមិ។ តាំងពីឆ្នាំទីមួយ ឆ្នាំទីពីរនៅក្នុងភូមិ ខ្ញុំបានចូលរួមក្នុងការងារភូមិទាំងអស់ ពោលគឺ និយាយបានត្រូវធ្វើបានដែរ ហើយត្រូវបង្ហាញតាមសកម្មភាពដែលយើងប្រតិបត្តិ។ ជាពិសេសសម្រាប់កិច្ចការមហាសាមគ្គីជនជាតិទាំងមូល យើងត្រូវរៀបចំផែនការខ្លួនឯងរួចធ្វើជាមួយអ្នករាល់គ្នា។ ឥឡូវនេះការយល់ដឹងរបស់បងប្អូនប្រជាជនបានផ្លាស់ប្តូរច្រើន។ ពីមុនពេលឃើញកម្មាភិបាល ឬអ្នកមិនស្គាល់ ប្រជាជនតែងតែគេចខ្លួន ហើយកម្រនិយាយជាមួយពួកគេណាស់។ ប៉ុន្តែពេលនេះ ទាំងចាស់ទាំងក្មេង និងសិស្សានុសិស្សបានឃើញគ្រូៗ ពីចម្ងាយ ក៏សួរសុខទុក្ខ អញ្ជើញគ្នាគេទៅផ្ទះ ហើយស្វាគមន៍យ៉ាងកក់ក្តៅ ដោយនិយាយយ៉ាងសប្បាយរីករាយ”។

ជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងខ្លាំង លេខាសាខាបក្ស Ha Lo Tuan បានកសាងសាខាបក្ស Khuoi Hau ដែលមានបក្ខជនចំនួន ៨ នាក់។

លោកគ្រូ Ha Lo Tuan បានចូលរួមក្នុងសកម្មភាពសាខាបក្ស ភូមិ Khuoi Hau ហើយត្រូវបានជ្រើសរើសជាលេខាសាខាបក្ស (រូបថត៖ VOV)

មិនត្រឹមតែបំពេញយ៉ាងល្អជាគ្រូបង្រៀននៅតំបន់ដាច់ស្រយាលប៉ុណ្ណោះទេ លោកគ្រូ Tuan ក៏តែងតែខ្វល់ខ្វាយពីការធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាជនរួចផុតពីការលំបាក។ ភូមិ Khuoi Hau ស្ថិតនៅតាមជ្រលងភ្នំ ផ្លូវពិបាកធ្វើដំណើរ ដូច្នេះសេដ្ឋកិច្ចពឹងផ្អែកជាចម្បងលើចម្ការពោត ហើយផ្ទះជាច្រើនមានដីរាបស្មើរតែពីរបីពាន់ម៉ែត្រការ៉េប៉ុណ្ណោះ។ ដោយឃើញអំពីអត្ថប្រយោជន៍ក្នុងមូលដ្ឋាន ដែលមានភ្នំ និងព្រៃឈើធំៗ លោកគ្រូ Tuan និងបក្ខជនផ្សេងទៀតនៅ Khuoi Hau បានប្តេជ្ញាចិត្តរួមជាមួយប្រជជន ដើម្បីសាកល្បងដាំដើមឬស្សីពក ដើម្បីបង្កើតតំបន់វត្ថុធាតុដើមសម្រាប់ រោងចក្រកែច្នៃនៅក្នុងមូលដ្ឋាន។ រហូតមកដល់ពេលនេះ មានគ្រួសារមួយចំនួនមានប្រាក់ចំណូលល្អពីការលក់ឬស្សីពកទៅឱ្យអាជីវករ ហើយដើម ឬស្សីពកឥឡូវនេះមានការរីកចម្រើនលូតលាស់ល្អ អាចដាំបានយ៉ាងទូលំទូលាយ។ លើសពីនេះ គ្រួសារជាច្រើនក៏បានដាំរមៀត ចិញ្ចឹមក្របីយកសាច់និងទទួលបានប្រាក់ចំណូលគួរឲ្យចាប់អារម្មណ៍។ មិនត្រឹមតែប៉ុណ្ណោះ លេខាសាខាបក្ស Ha Lo Tuan ក៏ថែមទាំងមានផែនការស្វែងរករុក្ខជាតិ និងសត្វប្រភេទថ្មី ដើម្បីជួយប្រជាជនផ្លាស់ប្តូរជីវភាពរស់នៅទៀតផង។

“បំណងប្រាថ្នាដែលខ្ញុំចង់សម្រេចបាន គឺរួមជាមួយប្រជាកសិករផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ។ ខ្ញុំបានទាក់ទងទៅគ្រប់កម្រិតដើម្បីរកឱ្យឃើញនូវប្រភេទរុក្ខជាតិណាដែលសមស្របនិងអាកាសធាតុ និងលក្ខណៈដីធ្លីនៅទីនេះ ហើយបន្ទាប់មកនឹងផ្សព្វផ្សាយឱ្យពួកគេធ្វើតាមក្នុងទិសដៅនោះ។ ជាពិសេសអាកាសធាតុត្រជាក់នៅទីនេះអាចសមស្របនិងដាំដំណាំរុក្ខជាតិ ឱសថ ធ្វើបានដូច្នេះទើបសេដ្ឋកិច្ចអាចផ្លាស់ប្តូរបាន”។

លោកគ្រូ Tuan ក៏ជួយប្រជាជនផ្លាស់ប្តូរទម្លាប់រស់នៅ និងការផលិតជាបណ្តើរៗដែរ។ ពោលគឺ លោកបានចលនាប្រជជនមានការកំណត់ក្នុងការប្រើប្រាស់ថ្នាំកំចាត់ស្មៅក្នុងផលិតកម្ម។ ណែនាំប្រជាជនឱ្យទទួលទានកាន់ តែមានអនាម័យជាង។ ជាពិសេសតាមរយៈចលនារបស់គ្រូបង្រៀន ស្ថានភាពរៀបអាពាហ៍ពិពារហ៍មុនអាយុ និងមានកូនទីបីគឺមានការថយចុះយ៉ាងច្បាស់លាស់។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ Khuoi Hau មិនមានភាពវឹកវរ ឬអសន្តិសុខអ្វីឡើយ។ គួរកត់សម្គាល់ថា ភូមិនេះមានគ្រួសារចំនួន ១២ រួចផុតពីភាពក្រីក្រ ផ្ទះរឹងជាច្រើនត្រូវបានសាងសង់ ហើយគ្រួសារភាគច្រើនបានទិញម៉ូតូជាមធ្យោបាយធ្វើដំណើរ។ ភូមិនេះក៏មានសិស្សចូលរៀននៅវិទ្យាល័យក្នុងស្រុក បន្ទាប់មកចូលរៀនវិជ្ជាជីវៈ។ លោក Nguyen Van Ngan លេខាគណៈកម្មាធិការបក្សឃុំ Mai Long ស្រុក Nguyen Binh បានអះអាងថា ការផ្លាស់ប្តូរនៅ Khuoi Hau មានការរួមវិភាគទានយ៉ាងធំធេងពីលោកគ្រូ Ha Lo Tuan។

លោកគ្រូ Ha Lo Tuan បានឆ្លៀតពេលទៅសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជន (រូបថត៖ VOV)

“លោក Tuan តែងតែទទួលបានការជឿទុកចិត្តពីគណៈកម្មាធិការបក្សឃុំ។ លោកតែងតែជាគំរូក្នុងការបំពេញតួនាទីវិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងភារកិច្ចដែលបក្សបានប្រគល់ជូន។ លោកគ្រូតែងតែគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះគ្រួសារនីមួយៗ ជាពិសេសជំរុញទឹកចិត្តកុមារៗ ឱ្យទៅសាលារៀនជាប្រចាំ។ ក្នុងនាមជាលេខាសាខាបក្ស លោក គ្រូ Tuan ទទួលបានការស្រឡាញ់រាប់អានពីសំណាក់បក្ខជន អ្នកភូមិ និងឪពុកម្តាយសិក្សានុសិស្សផងដែរ”។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ លោក Ha Lo Tuan តែងតែទទួលបានការកោតសរសើរពីវិស័យអប់រំ ក៏ដូចជាគណៈកម្មាធិការបក្សមូលដ្ឋាន។ លោកគ្រូ Tuan ក៏ត្រូវបានជ្រើសរើសឲ្យធ្វើជាតំណាងឃុំក្នុងការប្រឡង “លេខាសាខាបក្សឆ្នើមថ្នាក់ស្រុក”...។ ប៉ុន្តែសំខាន់ជាងនេះទៅទៀត សម្រាប់លោកគ្រូ Ha Lo Tuan ការធំដឹងក្តី ការរីកចម្រើនរបស់សិស្ស ការអភិវឌ្ឍរបស់ភូមិ និងការជឿទុកចិត្តរបស់ប្រជាជន គឺជារង្វាន់ដ៏មានអត្ថន័យបំផុត៕