កុមារ និងក្រុមគ្រួសារទៅលេងសួនកាហ្វេនៅ Ray Nha Si។ រូបថត៖ Huong Ly/VOV |
សម្របខ្លួនក្នុងលំហបៃតង ត្រជាក់ស្រួលនៃចម្ការកាហ្វេដែលកំពុងចេញផ្កាពណ៌សក្បុសនៅកសិដ្ឋាន Aeroco ទីក្រុង Buon Ma Thuot ខេត្ត Dak Lak អ្នកស្រី Tran Thi Thu Thuy ភ្ញៀវទេសចរម្នាក់មកពីខេត្ត Ninh Binh មិនអាចទប់អារម្មណ៍អន្ទះសារ នៅពេលបានឃើញដោយផ្ទាល់ភ្នែកនូវដំណើរការផលិតកាហ្វេតាមវិធីសាស្ត្រប្រកបដោយនិរន្តរភាព។ អ្នកស្រីបានយល់កាន់តែច្បាស់អំពីតម្លៃនៃកាហ្វេមួយកែវៗ និងការខិតខំប្រឹងប្រែងនៅពីក្រោយគ្រាប់កាហ្វេនីមួយៗ៖
“នេះជាលើកទីមួយហើយដែលខ្ញុំបានចូលរួមទស្សនានិងស្វែងយល់ពីដំណើរការផលិតកាហ្វេបែបសរីរាង្គ។ ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីបានទៅដល់ចម្ការ ហើយទស្សនាតំបន់ផលិតកម្មនៅទីនេះ ខ្ញុំយល់ឃើញថា ដើម្បីផលិតបាននូវគ្រាប់កាហ្វេប្រកបដោយគុណភាពខ្ពស់ គឺទាមទារឲ្យមានដំណើរការដ៏តឹងរ៉ឹងនិងល្អិតល្អន់បំផុត”។
ភ្ញៀវទេសចរស្វែងយល់អំពីដំណាក់កាលមួយក្នុងចំណោមដំណាក់កាលជាច្រើនក្នុងដំណើរ "ពីកសិដ្ឋានដល់កែវកាហ្វេ"។ រូបថត៖ Huong Ly/VOV |
មិនត្រឹមតែទៅទស្សនាកសិដ្ឋាន Aeroco ទីក្រុង Buon Ma Thuot ប៉ុណ្ណោះទេ ភ្ញៀវទេសចរក៏អាចរីករាយនឹងបទពិសោធន៍សម្រាកលំហែកាយនៅលើភ្នំកាហ្វេដ៏បៃតងនៅ Ray Nha Si ទៀតផង។ នេះគឺជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍មួយនៅស្រុក Cu Mgar ខេត្ត Dak Lak ដែលរួមបញ្ចូលគ្នាប្រកបដោយភាពសុខដុមរមនារវាងទេសចរណ៍អេកូឡូស៊ី និងវប្បធម៌កាហ្វេ។ ភ្ញៀវទេសចរអាចបេះផ្លែកាហ្វេទុំដោយខ្លួនឯង សាកល្បងជាមួយនឹងការកែច្នៃបឋម ការសម្ងួត និងការលីងគ្រាប់កាហ្វេ។ ចំណុចពិសេសមួយទៀតគឺបទពិសោធន៍ឆុងកាហ្វេដោយដៃ ចាប់ពីវិធីចម្រោះបែបប្រពៃណី រហូតដល់វិធីទំនើបៗ ដូចជា pour-over ឬ cold brew។ លោក Shiono Tatsuya ភ្ញៀវទេសចរមកពីប្រទេសជប៉ុនបានចែករំលែកថា៖
“ខ្ញុំចូលចិត្តបទពិសោធន៍កាហ្វេនៅទីនេះណាស់។ វាពិតជាគួរឱ្យចាប់អារម្មណ៍។ ថ្វីត្បិតតែខ្ញុំធ្លាប់បានទទួលទានកាហ្វេនៅច្រើនកន្លែងក៏ដោយ ប៉ុន្តែដំណើរការ ចាប់ពីការដាំ បេះផ្លែ សម្ងួត និងឆុងកាហ្វេនៅទីនេះ បានជួយខ្ញុំយល់ដឹងច្រើនថែមទៀតអំពីកាហ្វេវៀតណាម គុណភាពនៃកាហ្វេវៀតណាមគឺល្អណាស់ ហើយរសជាតិក៏ឆ្ងាញ់ដែរ។ ខ្ញុំនឹងបន្តត្រឡប់មកវិញជាមួយមិត្តភក្តិ និងសាច់ញាតិ ដើម្បីស្វែងយល់បន្ថែមអំពីកាហ្វេវៀតណាម”។
ភ្ញៀវទេសចរសាកល្បងជាមួយនឹងបទពិសោធន៍ឆុងកាហ្វេដោយផ្ទាល់ដៃ។រូបថត៖ Huong Ly/VOV |
ដំណើរកម្សាន្តណែនាំពីប្រភេទពូជកាហ្វេពិសេសរបស់ខេត្ត Dak Lak បានជួយឱ្យភ្ញៀវទេសចរយល់ដឹងបន្ថែមទៀតអំពីភាពខុសគ្នារវាងប្រភេទកាហ្វេនានា; ការណែនាំអំពីសិល្បៈលីង កិនកាហ្វេតាមកម្រិតនីមួយៗ ស្វែងយល់ពីការផ្លាស់ប្ដូររសជាតិតាមពេលវេលា និងសីតុណ្ហភាព។ ក្នុងឱកាសពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៩ (ថ្ងៃទី ១០-១៣ ខែមីនា) បណ្ដាកសិដ្ឋាននៅ Dak Lak បានបណ្តាក់ទុនពង្រីកសកម្មភាពទាំងនេះ។ លោកស្រី Duong Nu Thien An ស្ថាបនិកម៉ាកយីហោ Si កាហ្វេ បានចែករំលែកថា៖
“នៅកសិដ្ឋាន Si កាហ្វេ មានបទពិសោធន៍អំពីរបៀបកែច្នៃកាហ្វេ របៀបលីងកាហ្វេ របៀបឆុងកាហ្វេឱ្យបានត្រឹមត្រូវ។ ភ្ញៀវទេសចរបានទទួលទានកាហ្វេដែលពួកគេធ្វើដោយផ្ទាល់ដៃ។ ទាំងនេះគឺជាបទពិសោធន៍ដែលភ្ញៀវទេសចរអាចចូលរួមបាន”។
យោងតាមលោក Nguyen Thien Van អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានឲ្យដឹងថា មូលដ្ឋានមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍទេសចរណ៍ ដោយតភ្ជាប់នឹងការស្វែងយល់ពីវប្បធម៌កាហ្វេ... នេះជាទិសដៅសំខាន់មួយដើម្បីជួយបង្កើនតម្លៃសេដ្ឋកិច្ចនៃឧស្សាហកម្មកាហ្វេរបស់ខេត្ត។ បច្ចុប្បន្នខេត្តកំពុងផ្តោតលើការជួយទ្រទ្រង់គំរូផលិតកម្មកាហ្វេប្រកបដោយនិរន្តរភាព ដោយរួមបញ្ចូលគ្នានូវការអភិវឌ្ឍទេសចរណ៍ ដើម្បីអភិរក្សនូវអត្តសញ្ញាណវប្បធម៌ផង និងបង្កើនផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រជាជនផង។ ខេត្ត Dak Lak នឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៅតាមតំបន់ដាំដុះកាហ្វេសំខាន់ៗ ហើយលើកទឹកចិត្តកិច្ចសហប្រតិបត្តិការរវាងអង្គភាពអាជីវកម្ម និងប្រជាកសិករ ដើម្បីកសាងផលិតផលទេសចរណ៍ដ៏វិសេសវិសាល។ លោក Nguyen Thien Van បានឲ្យដឹងថា៖
“ដើម្បីអនុវត្តន៍ទេសចរណ៍ឆ្លងកាត់បទពិសោធន៍ ទេសចរណ៍អេកូឡូស៊ី និងទេសចរណ៍អត្តសញ្ញាណនោះ ខេត្តនឹងអនុវត្តន៍ដំណោះស្រាយនានា ក្នុងនោះយើងផ្តោតលើការបង្កើតលក្ខខណ្ឌសម្រាប់ម្ចាស់ចម្ការ និងអ្នកវិនិយោគ មានសេវាកម្ម និងគោលដៅជាច្រើនសម្រាប់បម្រើភ្ញៀវទេសចរ ដើម្បីឱ្យភ្ញៀវទេសចរអាចរីករាយជាមួយនឹងលក្ខណៈវប្បធម៌ និងលក្ខណៈពិសេសក្នុងការផលិត ការឆុង និងការទទួលទានកាហ្វេ Dak Lak”។
ការរួមបញ្ចូលគ្នានៃវិស័យកសិកម្ម និងទេសចរណ៍មិនត្រឹមតែនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដល់ភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងបើកទិសដៅអភិវឌ្ឍន៍ថ្មីសម្រាប់ទាំងវិស័យទេសចរណ៍ និងកសិកម្មនៅ Dak Lak ទៀតផង។ ជាមួយនឹងគោលដៅទាក់ទាញដូចជា៖ កសិដ្ឋានកាហ្វេសរីរាង្គ និងទេសចរណ៍កសិកម្មកាហ្វេនោះ នៅពេលដែលមានការវិនិយោគ និងការតម្រង់ទិសយ៉ាងត្រឹមត្រូវ វានឹងរួមចំណែកផ្សព្វផ្សាយរូបភាពទឹកដី មនុស្ស និងម៉ាកយីហោកាហ្វេ Buon Ma Thuot ទៅកាន់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


