ភ្ញៀវទេសចររំភើបរីករាយដោយបានដើរតាមដងអូរដើម្បីចាប់ត្រីជាមួយប្រជាពលរដ្ឋជនជាតិ Co Tu នៅតំបន់អេកូទេសចរណ៍ Dong Giang។ (រូបថត៖ Long Phi/VOV)

បន្ទាប់ពីជិះរថយន្តរយៈពេលជាង ៣ ភ្ញៀវទេសចរបានមកដល់ស្រុកព្រំប្រទល់ Tay Giang ខេត្ត Quang Nam ដែលមានចម្ងាយប្រហែល ១១០ គីឡូម៉ែត្រពីទីក្រុង Da Nang។ នៅទីនេះ មានព្រៃ Po Mu ដែលមានដើមឈើរាប់រយដើម ដែលត្រូវបានទទួលស្គាល់ថាជាដើមឈើបេតិកភណ្ឌ ព្រមទាំងព្រៃស្រោង ព្រៃក្រឡាញ់ខៀវដ៏កម្រ រួមជាមួយនឹងលក្ខណៈវប្បធម៌ពិសេសដោយឡែករបស់ប្រជាពលរដ្ឋជនជាតិ Co Tu...

“បន្ទាប់ពីរយៈពេលជាច្រើនម៉ោង ពួកយើងមានវត្តមាននៅក្នុងព្រៃ ដែលមានកម្ពស់ ២០០០ ម៉ែត្រ។ នៅនេះគឺ មានព្រៃផ្ការ៉ូដូដេនដ្រូនដ៏ពិសេសបំផុតនៅក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃឈើនៃប្រទេសវៀតណាម។ ក្នុងរដូវផ្ការីក ផ្ការ៉ូដូដេនដ្រូន បង្អួតសម្រស់ពណ៌សពាសពេញក្នុងព្រៃ បង្កើតជាកម្រាលរុក្ខជាតិមួយគួរឱ្យចាប់អារម្មណ៍”។

ស្ពានកញ្ចក់ នៅតំបន់អេកូទេសចរណ៍ Dong Giang។ រូបថត៖ Long Phi/VOV

ភ្ញៀវទេសចរក៏អាចទទួលយកបទពិសោធន៍គយគន់ថ្ងៃរះនិងសមុទ្រពពកនៅលើកំពូលភ្នំ Que ស្រុក Tay Giang ដែលត្រូវបានគេប្រៀបដូចជា "Sapa នៅភូមិភាគកណ្តាលវៀតណាម" អញ្ចឹង។

នៅជាប់នឹងស្រុកព្រំប្រទល់ Tay Giang គឺជាស្រុកភ្នំ Dong Giang។ ទីនេះមានតំបន់អេកូទេសចរណ៍ក្លោងទ្វារឋានសួគ៍ Dong Giang ដែលមានចំនួនទឹកជ្រោះធម្មជាតិច្រើនជាងគេនៅវៀតណាម ជាមួយនឹងប្រព័ន្ធទឹកជ្រោះចំនួន ២៥។ ទីនេះក៏មានផលិតផលទេសចរណ៍ជាច្រើនដែលផ្សាភ្ជាប់នឹងវប្បធម៌ប្រចាំមូលដ្ឋានរបស់ជនជាតិ Co Tu ផងដែរ។

មកទស្សនាតំបន់ទេសចរណ៍នេះជាលើកដំបូង អ្នកស្រី Tran Thi Thu មកពីទីក្រុង Da Nang ត្រូវបានទាក់ទាញដោយវប្បធម៌និងទេសភាពរហោស្ថាននៅទីនេះ។

“អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍នោះ គឺការដែលមូលដ្ឋានថែរក្សាបាននូវព្រៃឈើ ហើយប្រគល់ឲ្យប្រជាជនថែរក្សាដោយខ្លួនឯង។ លើសពីនេះ ខ្ញុំក៏ចាប់អារម្មណ៍នឹងពិធីបុណ្យរបស់អ្នកស្រុកផងដែរ ជាមួយនឹងក្បាច់របាំ tung tung da da គួរឲ្យទាក់ទាញយ៉ាងខ្លាំង។ ខ្ញុំបានចូលរួមជាច្រើនដង ហើយខ្ញុំបានសម្របខ្លួនជាមួយប្រជាជននៅក្នុងក្បាច់របាំនោះ”។

ចំណែកឯអ្នកស្រី Nguyen Thi Lan នៅទីក្រុង Da Nang បានចែករំលែកថា៖

“ពេលទស្សនាក្បាច់របាំ tung tung da da ខ្ញុំឃើញថាវាពិតជារស់រវើក និងស្និទ្ធស្នាលណាស់ ដែលជាលក្ខណៈវប្បធម៌មួយក្នុងចំណោមលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតនៅទីនេះ។ តាំងពីមនុស្សចាស់រហូតដល់កុមារ ទាំងអស់គ្នាបានរក្សាលក្ខណៈវប្បធម៌នោះ”។

ដើម្បីបង្កើតចំណុចលេចធ្លោ នៅពេលមកទស្សនាតំបន់មូលដ្ឋានបដិវត្តន៍ចាស់ៗនោះ កាលពីដើមខែមីនាកន្លងទៅ ខេត្ត Quang Nam បានប្រកាសច្រករបៀងអភិវឌ្ឍន៍ទេសចរណ៍ថ្មីដោយមានឈ្មោះថា "ផ្លូវបេតិកភ័ណ្ឌ Hoi An - My Son - ក្លោងទ្វារឋានសួគ៍ Dong Giang"។ ច្រករបៀងនេះគឺជាការរួមបញ្ចូលគ្នានូវភាពស្រស់ស្អាតនៃស្ថាបត្យកម្ម - ប្រវត្តិសាស្រ្ត - វប្បធម៌។ ជាមួយនឹងដំណើរតែមួយ - គោលដៅ ៣ (ការធ្វើដំណើរចម្ងាយជិត ១០០ គីឡូម៉ែត្រ) នេះគឺជាខ្សែផ្លូវដ៏អស្ចារ្យ ដើម្បីស្វែងយល់ពីតម្លៃដ៏ស្រស់ស្អាតបំផុតនៃធម្មជាតិ មនុស្ស និងវប្បធម៌ពិសេសនៃទឹកដី Quang។

ភ្ញៀវទេសចរទៅទស្សនាស្ពាន Cau និងជិះទូកនៅលើទន្លេ Hoai ទីក្រុង Hoi An។
រូបថត៖ Long Phi/VOV

លោក Luong Nguyen Minh Triet លេខាគណៈកម្មាធិការបក្សខេត្ត Quang Nam បានឲ្យដឹងថា ច្រករបៀងអភិវឌ្ឍន៍ទេសចរណ៍ នឹងជំរុញការកសាង និងអភិវឌ្ឍផលិតផលទេសចរណ៍យ៉ាងសម្បូរបែប ព្រមទាំងតភ្ជាប់កន្លែងទេសចរណ៍ជាច្រើន។

“ដើម្បីឱ្យខេត្ត Quang Nam ក្លាយជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិនក្នុងស្រុក និងបរទេសនោះ ក្រៅពីការតំរង់ទិសអភិវឌ្ឍន៍ ការកសាងយន្តការ គោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍យុទ្ធសាស្ត្រយូរអង្វែងនោះ ត្រូវតែមានការសម្របសម្រួល និងការជួយឧបត្ថម្ភពីអង្គការក្នុងស្រុក និងអន្តរជាតិ ព្រមទាំងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា។ ជាពិសេសការរួមដំណើររបស់សហគ្រាសក្នុងវិស័យទេសចរណ៍ផងដែរ”។

កាលពីឆ្នាំមុន ចំនួនភ្ញៀវទេសចរសរុបដែលមកទស្សនា និងស្នាក់នៅក្នុងខេត្ត Quang Nam ត្រូវបានគេប៉ាន់ប្រមាណថា មានជាង ៨ លាននាក់ (កើនឡើង ១៤% បើធៀបនឹងឆ្នាំ ២០២៣)។ ក្នុងផែនការមេខេត្តដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ផ្នែកទេសចរណ៍ត្រូវបានចាត់ទុកថា ជាមូលដ្ឋានគ្រឹះដើម្បីបង្កើតកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចសង្គមរបស់ខេត្ត។ ការអភិវឌ្ឍផលិតផលទេសចរណ៍ប្លែកពីគេ នៅតំបន់មូលដ្ឋានបដិវត្តន៍នឹងបង្កើតចំណុចលេចធ្លោផ្ទាល់ខ្លួនដើម្បីជួយឱ្យ Quang Nam កាន់តែទាក់ទាញចំពោះភ្ញៀវទេសចរ៕