នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខាអ៊ីល មីស៊ូស្ទីន (Mikhail Mishustin)។ (រូបថត៖ VOV) |
ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសន្ទនា ពង្រឹងទំនុកចិត្តនយោបាយ ជំរុញការជួបប្រាស្រ័យ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសក្នុងវិស័យ៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល ប្រេងឧស្ម័ន កសិកម្ម ដឹកជញ្ជូន ភស្តុភារកម្ម អប់រំ និងបណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យក្លាយជាវិស័យមុខព្រួញ និងឈានមុខគេក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលរុស្ស៊ីជាសមាជិក បើកចំហទីផ្សារបន្ថែមទៀតសម្រាប់ទំនិញនាំចេញរបស់គ្នាទៅវិញទៅមក និងជំរុញសកម្មភាពវិនិយោគទ្វេភាគី។ មេដឹកនាំទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ប្រេងឧស្ម័ន ហើយស្រាវជ្រាវ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងពេលឆាប់ៗនេះលើវិស័យថាមពលថ្មី ថាមពលស្អាត និងថាមពលកកើតឡើងវិញ។
បន្ទាប់ពីកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកនាយករដ្ឋមន្ត្រី មីខាអ៊ីល មីស៊ូស្ទីន បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងដែនដីវៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបសវនាការជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matviyenko។ (រូបថត៖ VOV) |
នារសៀលថ្ងៃដដែល ក្នុងជំនួបសវនាការជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matviyenko ភាគីទាំងពីរបានឯកភាពគ្នា បន្តលើកកម្ពស់តួនាទីរបស់រដ្ឋសភាទាំងពីរ ដោយសម្របសម្រួលការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានរវាងរដ្ឋាភិបាលទាំងពីរក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថាមពល និងប្រេងឧស្ម័ន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់ សន្តិសុខនិងការពារជាតិ ការបណ្តុះបណ្តាលធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធ; គាំទ្រការដោះស្រាយឧបសគ្គផ្លូវច្បាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងយុគសម័យថ្មី; ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងការតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យរដ្ឋសភាសហព័ន្ធរុស្ស៊ីបន្តរក្សាជំហរសត្យានុម័ត ប្រកបដោយតុល្យភាព ហើយឡើងសំឡេងគាំទ្រចំពោះគោលជំហរ និងទស្សនៈរបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
កាលពីយប់ថ្ងៃទី២៣ មីនា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានទទួលជួបជាមួយលោក Ziuganov ប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

