នាយឧត្តមសេនីយ៍ ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍គណៈប្រតិភូការពារជាតិវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមនៅច្រកទ្វារព្រំដែនអន្តរជាតិ Dong Xing ប្រទេសចិន ។ រូបថត៖ Le Phuong/VOV5

បន្ទាប់ពីពិធីស្វាគមន៍ គណៈប្រតិភូនៃប្រទេសទាំងពីរបានទៅទស្សនា កងអនុសេនាធំការពារព្រំដែន Dong Xing ក្នុងទីក្រុង Dong Xing នៃតំបន់ស្វយ័តក្វាងស៊ី Zhuang។ នៅទីនោះ រដ្ឋមន្ត្រីទាំងពីររូបបានដាំដើមឈើអនុស្សាវរីយ៍ និងមើលការប្រកួតកីឡាមិត្តភាព។ ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានប្រគល់អំណោយពីក្រសួងការពារជាតិវៀតណាម ជូនចំពោះកងអនុសេនាធំការពារព្រំដែន Dong Xing។

នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង អញ្ជើញទៅទស្សនា កងអនុសេនាធំការពារព្រំដែន Dong Xing។ រូបថត៖ Le Phuong/VOV5

នៅព្រឹកថ្ងៃដដែល នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង និងនាយឧត្តមសេនីយ៍ ដុងជុន បានដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនបដិវត្តន៍វៀតណាម និងចិន ក្នុងឧទ្យានមិត្តភាពប្រជាជនវៀតណាម-ចិន នៃទីក្រុង Dong Xing។

ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីទាំងពីររូបបានទៅទស្សនាផ្ទាំងសិលារំលឹក "ចំណុចចាប់ផ្តើមនៃផ្លូវហូជីមិញនៅលើសមុទ្រ" នៅកំពង់ផែទេសចរណ៍ ហ្វាងឆេង ខេត្តក្វាងស៊ី។ សំណងនេះ ត្រូវបានសាងសង់ឡើងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៥។ ផ្ទាំងសិលាមានរាងដូចបង្គោលសើន ដែលបានឆ្លាក់អក្សរជាភាសាទាំងពីរចិន-វៀតណាម៖ "ចំណុចចាប់ផ្តើមនៃផ្លូវហូជីមិញនៅលើសមុទ្រ"។

នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង និងនាយឧត្តមសេនីយ៍ ដុងជុន បានដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនបដិវត្តន៍វៀតណាម និងចិន។ រូបថត៖ Le Phuong/VOV5

ក្រោយរយៈពេលពីរថ្ងៃ (ថ្ងៃទី ១៨-១៩ ខែមីនា) ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើន កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី ១០ បានបញ្ចប់ដោយពិធីជូនដំណើរសម្រាប់គណៈប្រតិភូវៀតណាមនៅរសៀលថ្ងៃទី ១៩ ខែមីនា នៅច្រកទ្វារព្រំដែនអន្តរជាតិ Dong Xing។ ថ្លែងទៅកាន់សារព័ត៌មាននៅខាងក្រៅកម្មវិធីនេះ ឧត្តមសេនីយ៍ឯក ង្វៀន អាញ ទួន ស្នងការនយោបាយនៃកងទ័ពការពារព្រំដែន បានឲ្យដឹងថា៖ "ការផ្លាស់ប្តូរការពារជាតិ ជាពិសេសការផ្លាស់ប្តូរមិត្តភាពតាមព្រំដែន គឺជាសកម្មភាពកិច្ចការបរទេសជាយុទ្ធសាស្ត្រ សំដៅកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍ។ ចំណុចលេចធ្លោក្នុងកម្មវិធីឆ្នាំនេះ គឺតាមរយៈកិច្ចសន្ទនា បានពង្រឹង ជំរុញ និងអនុវត្តន៍ជាក់ស្តែងនូវគោលការណ៍យុទ្ធសាស្ត្ររវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ បង្កើនទំនុកចិត្តនយោបាយ លើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍ចែករំលែកអនាគត។ ជាពិសេស ភាគីទាំងពីរយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពូនជ្រុំ និងរឹតចំណងសាមគ្គីភាពប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរ រវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ ដោយការគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់អន្តរជាតិ ហើយរួមគ្នាដើម្បីកសាង និងការពារតំបន់ដ៏សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍"