ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់គណៈប្រតិភូជាង ១០០នាក់ មកពីប្រទេសសមាជិកអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិពាក់ព័ន្ធ។

ឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិនៅទីនេះ។ រូបថត៖ PV/VOV-Washington

អញ្ជើញថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងអំណរគុណចំពោះប្រទេសទាំងអស់ដែលបានគាំទ្រការជ្រើសរើសទីក្រុងហាណូយជាទីតាំងសម្រាប់ចុះហត្ថលេខាលើអនុសញ្ញានេះ ក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនាខែធ្នូ ឆ្នាំ២០២៤ និងបានអះអាងថា វៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ UNODC ការិយាល័យគតិយុទ្ធអ.ស.ប និងបណ្តាប្រទេសសមាជិក ក្នុងការជំរុញសន្ធិសញ្ញាទីក្រុងហាណូយចូលជាធរមាន និងត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ។

ទិដ្ឋភាពទូទៅនៃព្រឹត្តិការណ៍។ រូបថត៖ PV/VOV-Washington

នៅក្នុងសិក្ខាសាលានេះ តំណាងក្រុមការងារអន្តរផ្នែករបស់វៀតណាម រួមទាំងតំណាងក្រសួងនគរបាល ក្រសួងការពារប្រទេស និងក្រសួងការបរទេសបានធ្វើបច្ចុប្បន្នភាពអំពីការត្រៀមរៀបចំឲ្យព្រឹត្តិការណ៍នេះ។ តាមរយៈសកម្មភាពទាំងនេះ វៀតណាមមានបំណងចង់បន្តលើកកំពស់តួនាទីជាសមាជិកដែលមានទំនួលខុសត្រូវ និងជាដៃគូដែលអាចទុកចិត្តបាននៃសហគមន៍អន្តរជាតិ ជំរុញយ៉ាងសកម្មនូវពហុភាគីនិយមក្នុងអភិបាលកិច្ចឌីជីថលសកល ធានាសន្តិសុខតាមអ៊ីនធឺណិត និងអធិបតេយ្យភាពជាតិក្នុងវិស័យអ៊ីនធឺណិត។ តំណាងប្រទេសនិងតំបន់ជាច្រើនបានវាយតំលៃខ្ពស់ចំពោះការត្រៀមរៀបចំយ៉ាងសកម្មរបស់វៀតណាមសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីបទល្មើសតាមអ៊ីនធឺណិត ដោយអះអាងថា នឹងខិតខំប្រឹងប្រែងជំរុញការសុក្រឹត្យនីតិវិធីផ្ទៃក្នុងដើម្បីចុះហត្ថលេខានិងផ្តល់សច្ចាប័នលើអនុសញ្ញានេះក្នុងពេលឆាប់ៗ ហើយទន្ទឹមនឹងនោះបានប្តេជ្ញាគាំទ្រនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីរៀបចំពិធីចុះហត្ថលេខាប្រកបដោយជោគជ័យនៅទីក្រុងហាណូយ៕