មនុស្សដើរកាត់អគារដែលរងការខូចខាតក្នុងអំឡុងពេលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ រូបថត៖ Majid Asgaripour/WANA/REUTERS

ព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់បំផុតកាលពីថ្ងៃទី៤ ខែមីនា គឺសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក លោក Pete Hegseth ថា នាវាមុជទឹកអាមេរិកមួយគ្រឿងបានវាយពន្លិចនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងនៅក្នុងដែនទឹកស្រីលង្កា បណ្តាលឱ្យនាវិកជិត ១៤៨នាក់បាត់ខ្លួន។ គិតត្រឹមព្រឹកថ្ងៃទី៥ ខែមីនា យ៉ាងហោចណាស់មានមនុស្ស ៨៧នាក់បានស្លាប់។ មុននោះ អាជ្ញាធរស្រីលង្កាបានបញ្ជាក់ពីហេតុការណ៍នេះ ហើយបានឲ្យដឹងថា នាវាចម្បាំងអ៊ីរ៉ង់ដែលត្រូវបានពន្លិចគឺនាវា IRIS Dena ដែលកំពុងវិលត្រឡប់មកប្រទេសវិញ បន្ទាប់ពីចូលរួមក្នុងសមយុទ្ធទ័ពជើងទឹកនៅទីក្រុងមីឡាន ប្រទេសឥណ្ឌា។

នាថ្ងៃដដែល អាជ្ញាធរទួរគីបានឲ្យដឹងថា កងកម្លាំងការពារដែនអាកាសណាតូបានបាញ់ទម្លាក់មីស៊ីលផ្លោងមួយគ្រាប់ ដែលត្រូវបានចាត់ទុកជាមីស៊ីលរបស់អ៊ីរ៉ង់ សំដៅទៅលើដែនអាកាសទួរគី។ នៅថ្ងៃទី៤ ខែមីនាដែរ នៅទីក្រុងតេអេរ៉ង់ និងទីក្រុងយេរូសាឡឹមបានកត់ត្រាការផ្ទុះជាបន្តបន្ទាប់។ ភាគីអ៊ីស្រាអែលបានឲ្យដឹងថា គោលដៅទាំងនោះរួមមានថ្នាក់ដឹកនាំ និងកងកម្លាំងសន្តិសុខអ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់មីស៊ីល និងដាក់ពង្រាយយន្តហោះដ្រូន សំដៅទៅលើអ៊ីស្រាអែល និងគោលដៅមួយចំនួនទៀតនៅក្នុងតំបន់។

ទាក់ទងនឹងជម្លោះបច្ចុប្បន្ន រដ្ឋអ៊ីរ៉ង់នាថ្ងៃទី៤ ខែមីនា បានប្រកាសថា ពិធីបុណ្យសពថ្នាក់រដ្ឋសម្រាប់មេដឹកនាំកំពូល Ali Khamenei ដែលគ្រោងនឹងប្រារព្ធឡើងនៅទីក្រុងតេអេរ៉ង់ នៅយប់ថ្ងៃទី៤ ខែមីនា ត្រូវបានពន្យារពេលដោយសារតែចំនួនអ្នកចូលរួមមិនធ្លាប់មានពីមុនមក។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា កាលបរិច្ឆេទថ្មីសម្រាប់ពិធីបុណ្យសពនឹងត្រូវប្រកាសនៅពេលក្រោយ៕