លោកអគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងនៅក្នុងសន្និសីទជាតិស្តីពីការអនុវត្តការបោះឆ្នោត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (រូបថត៖ VOV)

ភាពជោគជ័យនៃការបោះឆ្នោតនឹងសម្រេចគុណភាព និងឋានៈរបស់រដ្ឋសភាពេញមួយអាណត្តិ; ជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងរដ្ឋសភានីតិកាលទី ១៦ ដ៏ច្នៃប្រឌិត វិជ្ជាជីវៈ សកម្ម និងមានសមត្ថភាពពិតប្រាកដ ដែលអាចដឹកនាំដំណើរការកែទម្រង់ស្ថាប័ន និងបំពេញតាមតម្រូវការអភិវឌ្ឍន៍នៃយុគសម័យថ្មី។

អនុវត្តន៍ជាក់ស្តែងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ

ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ កំពុងប្រព្រឹត្តទៅក្នុងពេលវេលាដ៏សំខាន់មួយនៃដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ បន្ទាប់ពីសមិទ្ធផលសំខាន់ៗ នៃកំណែទម្រង់រយៈពេល ៤ ទសវត្សរ៍ វៀត ណាមកំពុងឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងតម្រូវការខ្ពស់អំពីគុណភាពនៃកំណើន សមត្ថភាពប្រកួតប្រជែងជាតិ និងប្រសិទ្ធភាពអភិបាលកិច្ចជាតិ។

មហាសន្និបាតលើកទី១៤ របសើបក្ស ដែលបានប្រព្រឹត្តទៅនៅចុងខែមករាកន្លងមក បានកំណត់យ៉ាងច្បាស់អំពីភារកិច្ចនៃការបន្តកែលម្អនីតិរដ្ឋសង្គមនិយមឱ្យបានទូលំទូលាយ; កសាងស្ថាប័នអភិវឌ្ឍន៍ប្រកបដោយចីរភាព ទំនើប និងមានតម្លាភាព; ជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្មដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល; លើកកំពស់គុណភាពអភិបាលកិច្ចជាតិក៏ដូចជាធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងគ្រប់ជ្រុងជ្រោយ។

គោលដៅទាំងនេះតម្រូវឱ្យមានប្រព័ន្ធច្បាប់ ប្រកបដោយសមកាលកម្ម មានស្ថិរភាព និងអាចព្យាករណ៍បានខ្ពស់។ សន្លឹកនីមួយៗរបស់អ្នកបោះឆ្នោតម្នាក់ៗមិនត្រឹមតែជ្រើសរើសតំណាងសម្រាប់តំបន់ ឬវិជ្ជាជីវៈរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការជ្រើសរើសបុគ្គលដែលមានសុចរិតភាព ចក្ខុវិស័យ និងសមត្ថភាពចាំបាច់ ដើម្បីចូលរួមក្នុងការបង្កើតអនាគតប្រទេសជាតិ។ ម្យ៉ាងវិញទៀត សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតនាំមកនូវសេចក្តីប្រាថ្នា សម្រាប់ការអភិវឌ្ឍប្រទេសជាតិទាំងមូល ដែលកំពុងឈានចូលយុគសម័យថ្មី។ នៅក្នុងសន្និសីទទូទាំងប្រទេស ស្តីពីការអនុវត្តការបោះឆ្នោត នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “ត្រូវផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយ ដើម្បីឱ្យកម្មាភិបាល បក្ខជន និងប្រជាជនទាំងអស់ ជ្រាបយ៉ាងច្បាស់អំពីអត្ថន័យ និងសារៈសំខាន់នៃការបោះឆ្នោត និងទទួលស្គាល់នូវកិត្តិយស និងការទទួលខុសត្រូវនៃសន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតម្នាក់ៗចំពោះអនាគតប្រទេសជាតិ។ យើងត្រូវផ្តល់អាទិភាពដល់ការតែងតាំងបុគ្គលដែលមានការត្រិះរិះ ប្រកបដោយភាពច្នៃប្រឌិត ដែលហ៊ានគិត ហ៊ាននិយាយ ហ៊ានធ្វើសកម្មភាព និងហ៊ានទទួលខុសត្រូវ; មានចក្ខុវិស័យ និងសមត្ថភាពចូលរួមក្នុងការរៀបចំផែនការគោលនយោបាយ សម្រាប់ការអភិវឌ្ឍរបស់តំបន់ និងប្រទេសជាតិក្នុងសម័យកាលថ្មី”។

ការងារបោះឆ្នោតមុនកាលកំណត់នៅតំបន់សមុទ្រត្រូវបានអនុវត្តស្របតាមនីតិវិធី និងបទប្បញ្ញត្តិច្បាប់ (រូបថត៖ VOV)

ប្រគល់ទំនុកចិត្ត ការរំពឹងទុក រួមទាំងទំនួលខុសត្រូវ

អ្នកបោះឆ្នោតជាង ៧០ លាននាក់ ដែលចូលរួមក្នុងការបោះឆ្នោតនេះ មានន័យថា ម្ចាស់អំណាចជាង ៧០ លាននាក់ ចូលរួមក្នុងការកសាងក្បាលម៉ាស៊ីនអំណាចរដ្ឋ។ ចាប់ពីតំបន់ព្រៃភ្នំ រហូតដល់វាលទំនាប ពីតំបន់ទីក្រុងរហូតដល់កោះដាច់ស្រយាល ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការសម្រេចចិត្តថា តើអ្នកណានឹងតំណាងឱ្យខ្លួននៅក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ ពុំមានភាពខុសគ្នាអំពីវិជ្ជាជីវៈ ឋានៈសង្គម ឬស្ថានភាពសេដ្ឋកិច្ចនៅចំពោះមុខសន្លឹកឆ្នោតឡើយ ពោលគឺ ប្រជាពលរដ្ឋគ្រប់រូបមានតម្លៃស្មើគ្នា ក្នុងសិទ្ធិជាម្ចាស់របស់ប្រទេសជាតិ។

សន្លឹកឆ្នោតនីមួយៗ គឺជាឱកាសសម្រាប់អ្នកបោះឆ្នោតក្នុងការប្រគល់ជំនឿ ការរំពឹងទុក និងការទទួលខុសត្រូវ ទៅឱ្យអ្នកដែលនឹងតំណាងឲ្យខ្លួនការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ និងមូលដ្ឋាន។ អ្នកបោះឆ្នោត កូ អាជូ មកពីភូមិ ឡាវ ចាយ១ ស្រុក ឡាយ ចូវ បានចែករំលែកថា៖ “ខ្ញុំរំពឹងថា សមាជិកជាអ្នកតំណាងនឹងផ្តោតយកចិត្តទុកដាក់ ខិតទៅជិតប្រជាជន ដើម្បីស្តាប់យោបល់របស់ប្រជាជននៅតំបន់ជនជាតិភាគតិច។ បន្ទាប់មក បង្ហាញជាបន្ទាន់នូវមតិស្របច្បាប់របស់ប្រជាជនទៅកាន់បក្ស និងរដ្ឋ ដើម្បីនាំរាល់សេចក្តីសម្រេចរបស់បក្ស ឈានចូលជីវភាពរបស់នៅប្រចំាថ្ងៃរបស់ប្រជាជន ដើម្បីឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរជាង”។

សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតម្នាក់ៗ គឺជានិមិត្តរូបដ៏រស់រវើកនៃការជឿទុកចិត្ត នៃកម្លាំងមហាសាម្គីជនជាតិទាំងមូល នៃស្មារតីទទួលខុសត្រូវ និងឆន្ទៈធ្វើជាម្ចាស់របស់ប្រជាជន។ ការបោះឆ្នោតជ្រើសរើសសមាជិកសមាជិការសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ គឺជាកន្លែងដែលឆន្ទៈរបស់ប្រជាជនបញ្ចូលគ្នាទៅជាកម្លាំងជាតិ ជាសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសជាតិ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព និងវិបុលភាព៕