សុន្ទរកថាសហភាព នៅថ្ងៃទី ១០ ខែកញ្ញា ជាព្រឹត្តិការណ៍ប្រចាំឆ្នាំសម្រាប់ប្រកាសគោលនយោបាយទូទៅរបស់ EU។ សុន្ទរកថាឆ្នាំនេះ បានទាក់ទាញការយកចិត្តទុកដាក់ ដោយសារតែភាពចម្រូងចម្រាសកាន់តែខ្លាំងឡើងអំពីរបៀបដែលគណៈកម្មការអឺរ៉ុប (EC) កំពុងអនុវត្តន៍គោលនយោបាយពាណិជ្ជកម្មរបស់ប្លុក ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកកាលពីខែសីហា។
តស៊ូដើម្បីអនាគត
នៅក្នុងសុន្ទរកថាសហភាពឆ្នាំនេះ ប្រធាន EC លោកស្រី Ursula von der Leyen បានគូសបញ្ជាក់ពីទិសដៅគោលនយោបាយថ្មីជាបន្តបន្ទាប់សម្រាប់ប្លុកនេះ ជាពិសេសកិច្ចការបរទេស។ យោងតាមប្រធាន EC សហភាពអឺរ៉ុបកំពុងតស៊ូដើម្បីអនាគតឯករាជ្យ និងសន្តិភាពរបស់ខ្លួននៅក្នុងពិភពលោកដែលមានការប្រែប្រួលកាន់តែខ្លាំងឡើង ក្នុងនោះ សណ្តាប់ធ្នាប់ពិភពលោកផ្អែកលើកម្លាំងយោធា កំពុងលេចចេញ ហើយមហាអំណាចពិភពលោកជាច្រើនមានអាកប្បកិរិយាមិនច្បាស់លាស់ ឬមានអរិភាពចំពោះអឺរ៉ុប។
ដោយលើកឡើងពីបញ្ហាពន្ធដាររបស់សហរដ្ឋអាមេរិក និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលសហភាពអឺរ៉ុបបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិក កាលពីខែសីហា តាមនោះ EU បានទទួលយកអត្រាពន្ធ ១៥% លើទំនិញនាំចេញទៅកាន់សហរដ្ឋអាមេរិក លោកស្រី Ursula von der Leyen បានការពារការសម្រេចចិត្តរបស់ EC ដោយចាត់ទុកថា ទោះបីជាអត្រាពន្ធនេះ មិនងាយទទួលយកក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកបាននាំមកនូវស្ថេរភាពដល់ទំនាក់ទំនង EU - អាមេរិក ក្នុងស្ថានភាពមិនប្រាកដប្រជាជាសកល។ ប្រធាន EC ក៏បានព្រមានពីសេណារីយ៉ូនៃភាពវឹកវរផ្នែកសេដ្ឋកិច្ចនិងនយោបាយ ដែលប្លុកនេះនឹងប្រឈមមុខ ប្រសិនបើផ្ទុះឡើងសង្គ្រាមពាណិជ្ជកម្មពេញលេញជាមួយអាមេរិក។ លោកស្រី Ursula von der Leyen បានឲ្យដឹងថា ជំហានបន្ទាប់សម្រាប់ EU គឺការធ្វើពិពិធកម្មដៃគូដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
"យើងត្រូវតែខិតខំប្រឹងប្រែងទ្វេដងក្នុងការធ្វើពិពិធកម្មដៃគូ។ ៨០% នៃការជួញដូរពាណិជ្ជកម្មរបស់ EU គឺជាមួយប្រទេសផ្សេងទៀតក្រៅពីសហរដ្ឋអាមេរិក ដូច្នេះហើយត្រូវតែបង្កើនឱកាសថ្មីៗ។ នៅពេលដែលប្រព័ន្ធពាណិជ្ជកម្មសកល កំពុងមានភាពចលាចល អឺរ៉ុបបានធានាច្បាប់សកលតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាជាមួយប្រទេសម៉ិកស៊ិក ប្លុកMercosur និងកំពុងសុក្រឹត្យការចរចាលើកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រជាមួយឥណ្ឌានៅចុងឆ្នាំនេះ"។
ទស្សនៈ “ធ្វើពិពិធកម្ម” របស់លោកស្រី Ursula von der Leyen ត្រូវបានគាំទ្រដោយមេដឹកនាំអឺរ៉ុបជាច្រើន។ មុននោះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏បានចាត់ទុកថា អឺរ៉ុបចាំបាច់ត្រូវវាយតម្លៃឡើងវិញនូវផលប្រយោជន៍របស់ខ្លួន ដាច់ដោយឡែកជាមួយសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ប្លុកគឺសហរដ្ឋអាមេរិក។
"យើងមិនគួរ និងមិនអាចរំពឹងថាសហរដ្ឋអាមេរិកនឹងបន្តទទួលបន្ទុកផ្នែកសន្តិសុខសម្រាប់អឺរ៉ុបទៀតទេ ប៉ុន្តែយើងត្រូវតែប្រឈមមុខនឹងការពិតថា ទំនាក់ទំនងរវាងអឺរ៉ុប និងអាមេរិកកំពុងមានការផ្លាស់ប្ដូរ។ សហរដ្ឋអាមេរិកកំពុងវាយតម្លៃឡើងវិញនូវផលប្រយោជន៍របស់ខ្លួន ហើយបានធ្វើរឿងនេះអស់រយៈពេលជាយូរមកហើយ។ ដូច្នេះ អឺរ៉ុបក៏ត្រូវកែសម្រួលផលប្រយោជន៍របស់ខ្លួន ដោយគ្មានការចង់ចាំខុសឆ្គងអ្វីឡើយ"។
ទោះជាយ៉ាងណាក៏ដោយ មិនមែនកម្លាំងនយោបាយទាំងអស់នៅអឺរ៉ុបគាំទ្រយុទ្ធសាស្ត្រថ្មីរបស់ EC និងលោកស្រី Ursula von der Leyen នោះទេ។ បន្ទាប់ពីសុន្ទរកថាសហភាពត្រូវបានប្រកាស ក្រុម PfE ដែលជាក្រុមនយោបាយធំជាងគេទីបីនៅក្នុង EP បានដាក់សំណើសុំការបោះឆ្នោតដកទំនុកទុកចិត្តលើ EC ក្រោមហេតុផលថា EC កំពុងធ្វើឱ្យចុះខ្សោយស្វ័យភាពជាយុទ្ធសាស្ត្ររបស់ EU នៅពេលប្រដេញតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ចម្រូងចម្រាស។
យថាទស្សន៍សេដ្ឋកិច្ចមិនច្បាស់លាស់
ទន្ទឹមនឹងការព្រួយបារម្ភអំពីឋានៈនាពេលអនាគត ផ្ទាំងគំនូរសេដ្ឋកិច្ចនាបច្ចុប្បន្នរបស់បណ្តាប្រទេស EU ក៏មិនច្បាស់លាស់ដែរ។ នៅថ្ងៃទី ១១ ខែកញ្ញា ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចចិត្ត បានរក្សាអត្រាការប្រាក់សំខាន់ៗទាំងបីមិនផ្លាស់ប្តូរ រួមទាំងអត្រាប្រាក់បញ្ញើ ដែលត្រូវបានចាត់ទុកជាឧបករណ៍គោលនយោបាយសំខាន់របស់ ECB សុទ្ធតែនៅកម្រិត ២% ។
សេចក្តីប្រកាសបានបញ្ជាក់ថា អត្រាអតិផរណាបច្ចុប្បន្នគឺស្របតាមគោលដៅរយៈពេលមធ្យម ហើយយថាទស្សន៍តម្លៃទូទៅមិនមានការផ្លាស់ប្តូរច្រើនទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រធាន ECB លោកស្រី Christine Lagarde បានឲ្យដឹងថា ទោះបីជាអតិផរណានិងការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូមានស្ថេរភាពក៏ដោយ ក៏នៅតែមានកត្តាដែលទាមទារភាពប្រុងប្រយ័ត្នដែរ។
"អត្រាពន្ធខ្ពស់ ប្រាក់អឺរ៉ូកាន់តែរឹងមាំ និងការប្រកួតប្រជែងជាសកលកើនឡើង ត្រូវបានរំពឹងថា នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចយឺតនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ក្នុងប៉ុន្មានខែចុងឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលនៃកំណើនសេដ្ឋកិច្ចទាំងនេះ ទំនងជានឹងថយចុះនៅឆ្នាំក្រោយ"។
យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ តួលេខថ្មីៗនេះបានបញ្ជាក់ពីការព្យាករណ៍របស់ ECB ថា កំណើនៃតំបន់ចាយប្រាក់អឺរ៉ូនៅឆ្នាំនេះអាចឈានដល់ ១,២%។ ទោះយ៉ាងណាក៏ដោយ យ៉ាងហោចណាស់មានកត្តាចំនួន៤ដែលអាចជះឥទ្ធិពលដល់យថាទស្សន៍កំណើន រួមមាន៖ ផលប៉ះពាល់រយៈពេលវែងពីអត្រាពន្ធរបស់អាមេរិក; ការចំណាយសាធារណៈខ្ពស់របស់អាល្លឺម៉ង់; យថាទស្សន៍នៃការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក (Fed) និងអស្ថិរភាពនយោបាយនៅបារាំង។ កត្តាទាំងនេះ អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើកំណើន និងអតិផរណារបស់ប្លុកនេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ