ក្នុងនាមជាវេទិកាសន្ទនាសន្តិសុខ-ការពារជាតិឈានមុខគេរបស់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំកន្លងមក កិច្ចសន្ទនា Shangri-La ឆ្នាំនេះមានការចូលរួមពីគណៈប្រតិភូ អ្នកប្រាជ្ញអន្តរជាតិ និងមន្ត្រីជាន់ខ្ពស់ ប្រហែល ៦០០ នាក់ រួមទាំងប្រធានាធិបតីបារាំង លោក Emmanuel Macron នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ibrahim Anwar និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ។

ការកើនឡើងនៃអស្ថេរភាពភូមិសាស្ត្រនយោបាយ

ដោយប្រព្រឹត្តិទៅក្នុងបរិបទដែលគោលនយោបាយពន្ធគយរបស់រដ្ឋបាល Trump កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មពិភពលោក ក្នុងនោះ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកជាច្រើនទទួលរងផលប៉ះពាល់អវិជ្ជមាន ហើយក្នុងពេលជាមួយគ្នានោះ តំបន់អាស៊ីខាងត្បូងទើបបានមើលឃើញជម្លោះដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ គឺឥណ្ឌា និងប៉ាគីស្ថាន។

កម្លាំងប៉ូលិសឈរយាមនៅជិតច្រកចូលសណ្ឋាគារ Shangri-La ក្នុងប្រទេសសិង្ហបុរី ជាកន្លែងដែលកិច្ចសន្ទនា Shangri-La កំពុងប្រព្រឹត្តទៅ។ រូបថត៖ REUTERS/Edgar Su

យោងតាមវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអន្តរជាតិ (IISS) ដែលជាអ្នករៀបចំកិច្ចសន្ទនា Shangri-La បានឲ្យដឹងថា កិច្ចសន្ទនាឆ្នាំនេះមានកាលវិភាគដ៏ក្រាស់បំផុតមិនធ្លាប់មាន ជាមួយនឹងវគ្គសន្ទនាសំខាន់ៗចំនួន ៧ និងសកម្មភាពក្រៅឆាកជាច្រើនទៀត។ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសបញ្ហាសន្តិសុខមិនមែនប្រពៃណីដែលកំពុងកើតមានឡើង ដូចជាបទល្មើសលួចបន្លំឆ្លងដែន និងការនេសាទខុសច្បាប់ក៏ត្រូវបានពិភាក្សាផងដែរ។ លោក Bastian Giegerich នាយកប្រតិបត្តិនៃ IISS បានចែករំលែកថា៖ “កិច្ចសន្ទនា Shangri-La លើកនេះ បានប្រព្រឹត្តិទៅនៅពេលដែលអស្ថេរភាពភូមិសាស្ត្រនយោបាយកំពុងតែកើនឡើង ហើយសម្ព័ន្ធភាពនិងភាពជាដៃគូស្ថិតនៅក្រោមសម្ពាធជាច្រើន។ ដូច្នេះហើយ កិច្ចសន្ទនាគឺជាឱកាសសម្រាប់រដ្ឋាភិបាលក្នុងការពន្យល់អំពីគោលនយោបាយ ពិភាក្សាអំពីជម្រើសគោលនយោបាយ និងស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងតែកើនឡើង”។

ចំណុចគួរឱ្យកត់សម្គាល់នៅក្នុងរបៀបវារៈនៃកិច្ចសន្ទនា Shangri-La នៅឆ្នាំនេះ គឺការរៀបចំសម័យពិភាក្សាដើម្បីវាយតម្លៃផលប៉ះពាល់នៃគោលនយោបាយរបស់អាមេរិកចំពោះពិភពលោក ក្នុងអាណត្តិទីពីររបស់លោកប្រធានាធិបតី Donald Trump ។ យោងតាមលោក Evan Laksman អ្នកស្រាវជ្រាវនៅ IISS នេះជាប្រធានបទដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងយកចិត្តទុកដាក់ពិសេស ក្នុងបរិបទដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងខិតខំប្រឹងប្រែងជំរុញមជ្ឈភាពរបស់អាស៊ាន ស្វែងរកតុល្យភាពយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរបស់ប្លុកជាមួយមហាអំណាច និងពិចារណាបង្កើនកិច្ចសហប្រតិបត្តិការជាមួយយន្តការពហុភាគីថ្មីៗមួយចំនួន។

“ដើម្បីឆ្លើយតបទៅនឹងអស្ថេរភាពផ្នែកភូមិសាស្ត្រនយោបាយនាបច្ចុប្បន្ន និងដើម្បីធានាផលប្រយោជន៍ក្នុងស្រុក បណ្តាប្រទេសអាស៊ានមានទំនោរស្វែងរកយន្តការ ឬអង្គការពហុភាគីផ្សេងទៀត (BRICS, OECD) ជាជម្រើសថ្មីមួយសម្រាប់ជំនួសឲ្យយន្តការចាស់។ ពិតណាស់ថា វានៅតែមានការជជែកពិភាក្សាផ្ទៃក្នុងរវាងបណ្តាប្រទេស អំពីអត្ថប្រយោជន៍នៃយន្តការទាំងនេះ ប៉ុន្តែវាច្បាស់ណាស់ថា ការស្វែងរកយន្តការជំនួស និងដៃគូសមធម៌បន្ថែមទៀតគឺជាផ្នែកមួយនៃកិច្ចសន្ទនាលើកនេះ”។

តួនាទីនៃទំនាក់ទំនងអាមេរិក-ចិន

ដូចកិច្ចសន្ទនាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែរ ទំនាក់ទំនងរវាងអាមេរិក និងចិន និងផលប៉ះពាល់លើតំបន់ ក៏ជាប្រធានបទសំខាន់មួយនៃកិច្ចសន្ទនា Shangri-La ឆ្នាំនេះ។ អវត្ដមានរបស់រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun នៅ Shangri-La ឆ្នាំនេះ បានបណ្តាលឱ្យជំនួបលើកដំបូងរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក និងចិន ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ឡើងកាន់អំណាចមិនដូចការរំពឹងទុកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ វត្តមានដំបូងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នៅ Shangri-La ឆ្លុះបញ្ចាំងថា រដ្ឋបាលថ្មីរបស់អាមេរិកនៅតែចាត់ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាអាទិភាពយុទ្ធសាស្ត្រកំពូលនាពេលខាងមុខ។ បច្ចុប្បន្ន សំណួរគឺថាតើរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកនឹងផ្លាស់ប្តូរគោលនយោបាយ និងវិធីសាស្រ្តរបស់ខ្លួនយ៉ាងដូចម្តេច បើប្រៀបធៀបទៅនឹងការគ្រប់គ្រងរបស់អតីតប្រធានាធិបតីអាមេរិក លោកJoe Biden ។ អញ្ជើញថ្លែងមុនពេលចាកចេញទៅចូលរួមកិច្ចសន្ទនា Shangri-La រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានឲ្យដឹងថា អាមេរិកមិនស្វែងរកជម្លោះជាមួយនរណាម្នាក់ទេ ប៉ុន្តែនឹងប្រើប្រាស់ការរារាំងដើម្បីការពារជម្លោះ។

“នៅក្រោមរដ្ឋបាលថ្មី យើងនឹងសម្រេចបាននូវសន្តិភាព និងការរារាំងដោយកម្លាំង ដោយធ្វើការជាមួយនិងតាមរយៈសម្ព័ន្ធមិត្តនិងដៃគូរបស់យើង ជាពិសេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះជាការផ្តោតអារម្មណ៍របស់យើងតាំងពីដើមមក ហើយនឹងបន្តរហូត។ យើងខ្ញុំទៅសិង្ហបុរីដើម្បីធ្វើកិច្ចសន្ទនាជាបន្តបន្ទាប់ដើម្បីធានាឲ្យតំបន់នេះយល់ច្បាស់ថា សហរដ្ឋអាមេរិកនឹងនៅតែរឹងមាំជានិច្ច”។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai នៅខាងក្រៅកិច្ចសន្ទនា Shangri-La នៅសិង្ហបុរី ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Edgar Su

មជ្ឈដ្ឋានអ្នកសង្កេតការណ៍ជឿជាក់ថា បន្ទាប់ពីកាយវិការដែលមិននឹកស្មានដល់នៅក្នុងវេទិកាសន្តិសុខនៅអឺរ៉ុបកាលពីដើមឆ្នាំនេះ ដូចជាសន្និសីទសន្តិសុខទីក្រុង Munich ដែលមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានប្រកាសជាសាធារណៈអំពីការកាត់បន្ថយជាបណ្ដើរៗ នូវការសន្យាផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកចំពោះអឺរ៉ុប ដើម្បីផ្លាស់ប្តូរទៅកាន់តំបន់ផ្សេងទៀត កិច្ចសន្ទនា Shangri-La ឆ្នាំនេះអាចបង្ហាញយ៉ាងច្បាស់ អំពីអាទិភាពសន្តិសុខ-ការពារជាតិរបស់សហរដ្ឋអាមេរិកនាពេលខាងមុខ។ ប្រការនេះនឹងជះឥទ្ធិពលពហុវិមាត្រលើស្ថានភាពសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញ Douglas Bandow នៃវិទ្យាស្ថាន Cato (សហរដ្ឋអាមេរិក) បានព្រមានថា៖ “ភារកិច្ចសំខាន់បំផុតរបស់យើងថ្ងៃនេះ គឺរក្សាសន្តិភាព។ មហាអំណាចនាំមុខគេទាំងពីរគឺអាមេរិកនិងចិន ត្រូវតែរក្សាសន្តិភាពជាមួយគ្នា និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមនោះ ការពារកិច្ចសន្ទនា ជំរុញការផ្សះផ្សា និងលើកទឹកចិត្តកិច្ចសហប្រតិបត្តិការ។ ការកសាងអនាគតរួមសម្រាប់គ្រប់ភាគី មិនអាចដោះស្រាយដូចជាល្បេងលេងដែលមានលទ្ថផលសូន្យឡើយ”។

ចែករំលែកទស្សនៈនេះ មជ្ឈដ្ឋានអ្នកជំនាញបានចាត់ទុកថា ការដែលកិច្ចសន្ទនា Shangri-La ឆ្នាំនេះមានវាគ្មិនសំខាន់ៗផ្សេងទៀត គឺប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ibrahim Anwar ជាមេដឹកនាំដែលគាំទ្រវិធីសាស្រ្តអព្យាក្រឹតរវាងភាគីនានា បានបង្ហាញថាបណ្តាប្រទេសក្នុងតំបន់នៅតែផ្តល់អាទិភាពខ្ពស់បំផុតចំពោះការសន្ទនា កិច្ចសហប្រតិបត្តិការ និងតុល្យភាពយុទ្ធសាស្ត្រ៕