សំលៀកបំពាក់នារី Dao Khau ក្រោយពេលធ្វើទំនើបកម្ម ទាំងរក្សាបាននូវភាពស្រស់ស្អាតបែបប្រពៃណី ហើយថែមទាំងស្រស់ស្អាតទៀតផង (រូបថត៖ Cheo Thu/VOV)

សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ Dao តែងតែធ្វើដោយដៃ ដូច្នេះហើយត្រូវចំណាយពេលច្រើនថ្ងៃ។ ដោយឡែក សំលៀកបំពាក់របស់នារីជន ជាតិ Dao ជាមួយនឹងការប៉ាក់ លំនាំដ៏ប្រណិត ដោយឌិនឡេវប្រាក់នៅ ជួរអាវខាងមុខ ឌិនអង្កាំប្រសព្វជាមួយនឹងលំនាំនៅលើខ្សែក្រវ៉ាត់ គឺត្រូវចំណាយពេលយ៉ាងហោចណាស់កន្លះឆ្នាំដើម្បីបង្ហើយដែរ។ អ្នកស្រី Tan My Xuan ចែករំលែកថា៖ “តាំងពីខ្ញុំនៅក្មេង ជីដូននិងម្ដាយរបស់ខ្ញុំ បានបង្រៀនខ្ញុំពីរបៀបធ្វើសំលៀកបំពាក់ប្រពៃណីរបស់ប្រជាជនខ្លួន។ ដើម្បីធ្វើសំលៀកបំពាក់មួយឈុតនេះ ត្រូវចំណាយពេលវេលានិងការខិតខំច្រើន ដោយតម្រូវឱ្យអ្នកប៉ាក់មានភាពល្អិតល្អន់។ ថ្វីត្បិតដូច្នេះប៉ុន្តែតម្លៃលក់សំលៀកបំពាក់បែបនេះបច្ចុប្បន្នមិនខ្ពស់ទេ មិនសក្តិសមនឹងការខិតខំប្រឹងប្រែងដែលសិប្បករចំណាយពេលធ្វើឡើយ”។

ដោយដឹងថា ចលនាវប្បធម៌និងសិល្បៈនាពេលបច្ចុប្បន្ននៅតាមឃុំ និងភូមិកំពុងមានការអភិវឌ្ឍ ហើយតម្រូវការសំលៀកបំពាក់ប្រពៃណីសម្រាប់ការសម្តែងកំពុងកើនឡើង ដូច្នេះ អ្នកស្រី Xuan បានបើកទូលាយជំនាញវិជ្ជាជីវៈប៉ាក់និងដេរសំលៀកបំពាក់ប្រពៃណីប្រកបដោយភាពច្នៃប្រឌិតនៅនឹងស្រុកកំណើតតែម្តង។

“គំនិតច្នៃប្រឌិតនិងកែលម្អសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ Dao ជាក្តីប្រាថ្នារបស់នាងខ្ញុំតាំងពីយូរយារណាស់មកហើយ ដោយសារតែខ្ញុំស្រឡាញ់សំលៀកបំពាក់ជនជាតិ និងមានចំណង់ចំណូលចិត្តចំពោះសិប្បកម្មប៉ាក់។ គោលបំណងរបស់ខ្ញុំគឺរួជារួមជាមួយបងប្អូនជនជាតិខ្លួន រក្សាសម្រស់វប្បធម៌ប្រពៃណី ក៏ដូចជានាំផលិតផលទៅកាន់ទីផ្សារកាន់តែច្រើនជាង បង្កើនប្រាក់ចំណូលសម្រាប់រូបខ្ញុំផ្ទាល់ និងបងប្អូនស្ត្រី ជនជាតិ Dao ទាំងអស់ផងដែរ”។

អ្នកស្រី Tan My Xuan បានបញ្ជាទិញ និងប្រមូលទិញផលិតផលវាយនភណ្ឌប្រពៃណីពីប្រជាជនក្នុងតំបន់ បន្ទាប់មករចនា និងច្នៃប្រឌិតសំលៀកបំពាក់ប្រពៃណីផ្ទាល់ខ្លួនរបស់នាង។ ដើម្បីកាត់បន្ថយពេលវេលាក្នុងការផលិតសំលៀកបំពាក់ជនជាតិ Dao អ្នកស្រី Xuan បានបង្កើតសមាជិកមួយក្រុម ដែលមានចំណង់ចំណូលចិត្តដូចគ្នាក្នុងការប៉ាក់ ដែលក្នុងនោះស្ត្រីមួយក្រុមមានជំនាញធ្វើក្រមាឈួតក្បាល ស្ត្រីមួយក្រុមជំនាញប៉ាក់ខោ ហើយស្ត្រីមួយក្រុមជំនាញធ្វើអាវ។ ផលិតផលដែលបានបង្ហើយនៅតែធានានូវផ្នែកជាមូលដ្ឋាននៃសំលៀកបំពាក់ប្រពៃណី ដោយរក្សាគំដដែលលំនាំបុរាណ ប៉ុន្តែត្រូវបានច្នៃប្រឌិតថ្មី ទាំងការពេញនិយម និងតាមទាន់និន្នាការសម័យទំនើប។ លោកស្រី Cheo My Lu នៅឃុំ Phan Xo Lin ស្រុក Sin Ho ខេត្ត Lai Chau បានវាយតម្លៃថា៖ “កាលពីមុន ការផលិត និងស្លៀកសំលៀកបំពាក់ជនជាតិ Dao ត្រូវចំណាយពេលច្រើនណាស់។ ឈុតសម្លៀកបំពាក់បានច្នៃប្រឌិតតាមលក្ខណៈទំនើបខ្ញុំឃើញថាវាស្អាត និងមានផាសុកភាព។ សំលៀកបំពាក់ប្រពៃណីប្រចាំថ្ងៃមុននឹងបានច្នៃប្រឌិត ត្រូវចំណាយប្រាក់ជាងដប់លានដុង ក្រោយពីបានច្នៃប្រឌិតឡើងវិញ តម្លៃសមរម្យជាងមុន ពោលគឺសំលៀកបំពាក់នារីមួយឈុតតម្លៃត្រឹមតែ ២,៥ ទៅ ៣ លានដុងប៉ុណ្ណោះ”។

សំលៀកបំពាក់អាពាហ៍ពិពាហ៍របស់កូនកំលោះ Dao Khau ត្រូវបានធ្វើឱ្យទាន់សម័យ ទាំងស្រស់ស្អាត និងពេញនិយម (រូបថត៖ Cheo Thu/VOV)

ហាងដេរប៉ាក់សំលៀកបំពាក់ប្រពៃណីរបស់អ្នកស្រី Tan My Xuan ក៏បង្កើតការងារជាប្រចាំសម្រាប់ស្ត្រីចំនួន ៥ នាក់ ដោយទទួលបានប្រាក់ខែចំនួន ៥ លានដុង/ខែ/មនុស្សម្នាក់។ អ្នកស្រី Tan Phan May នៅឃុំ Ta Phin ក្រុង Sin Ho ខេត្ត Lai Chau បានចែករំលែកថា នាងពិតជារីករាយណាស់ដែលបានចូលរួមមួយចំណែកដំតិចតួចក្នុងការខិតខំប្រឹងប្រែង ដើម្បីកុំឱ្យអាជីពដេរប៉ាក់តាមបែបប្រពៃណីត្រូវបាត់បង់ទៅ”។

“ខ្ញុំគិតថា ការរក្សាតម្លៃវប្បធម៌មិនមែនជាបញ្ហាពិបាកពេកទេ ពោលគឺ យើងគ្រាន់តែត្រូវរក្សាអ្វីដែលសមស្របសម្រាប់បច្ចុប្បន្ន អ្វីៗដែលហួសសម័យ យើងគួរតែលុបចោលទៅ។ អ្នកស្រី Xuan បានបង្កើត និងចំណាយការខិតខំប្រឹងប្រែងជាច្រើន ដើម្បីរចនាសំលៀកបំពាក់ប្រកបដោយភាពច្នៃប្រឌិតរបស់ជនជាតិ Dao។ ទៅថ្ងៃអនាគត ពួកយើងនឹងបន្តផលិតផលិតផលថ្មីៗ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយសង្ឃឹមថា ផលិតផលរបស់យើងនឹងត្រូវបានគេស្គាល់កាន់តែច្រើន ជាពិសេសបង្កើតជាប្រភពចំណូលសម្រាប់បងប្អូនស្ត្រីក្នុងមូលដ្ឋាន និងអភិរក្សនូវសិប្បកម្មប្រពៃណីនៃការដេរប៉ាក់សំលៀកបំពាក់ជនជាតិ”។

ជាមួយនឹងការរចនាផលិតផលដ៏វិសេសវិសាល គួរឲ្យចាប់អារម្មណ៍ និងពេលវេលាបង្ហើយដ៏ខ្លីត្រឹមតែកន្លះខែប៉ុណ្ណោះ ហើយសំលៀកបំពាក់ប្រពៃណីប្រកបដោយភាពច្នៃប្រឌិតរបស់អ្នកស្រី Tan My Xuan ត្រូវបានប្រជាជនក្នុងជនជាតិ Dao និយមចូលចិត្ត។ នាងជាមនុស្សម្នាក់ក្នុងចំណោមជាជន ដែលបានរួមចំណែកថែរក្សាវប្បធម៌ជនជាតិ Dao តាមរយៈការដេរប៉ាក់សំលៀកបំពាក់ប្រពៃណីជនជាតិផងដែរ៕