ទិដ្ឋភាពពីលើនៃភូមិទេសចរណ៍សហគមន៍ ហ៊ូវលៀន។ (រូបថត៖ baolangson.vn) |
ហ៊ូវលៀន មានទីតាំងស្ថិតនៅកណ្ដាលនៃតំបន់អភិរក្សធម្មជាតិហ៊ូវលៀន ខេត្តឡាងសឺន ដែលនៅតែរក្សាបាននូវប្រព័ន្ធអេកូឡូស៊ីព្រៃថ្មោង រួមជាមួយនឹងរុក្ខជាតិ និងសត្វកម្រជាច្រើនប្រភេទ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហ៊ូវលៀន បានទទួលភ្ញៀវទេសចរអន្តរជាតិមួយចំនួនធំ។ មនុស្សជាច្រើនមកទីនេះដើម្បីឆ្លងកាត់បទពិសោធន៍អំពីជីវភាពប្រចាំតំបន់ ដើរទស្សនាក្នុងព្រៃ សាកល្បងដាំស្រូវជាមួយកសិករ ឡើងថ្មធម្មជាតិ ឬគ្រាន់តែរីករាយជាមួយជីវិតយឺតៗនៅតំបន់ជនបទនេះប៉ុណ្ណោះ។ លោក Robin និងអ្នកស្រី Larar ភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិក បានចែករំលែកថា៖
“ខ្ញុំបានធ្វើដំណើរទៅកាន់កន្លែងជាច្រើននៅវៀតណាមហើយ ប៉ុន្តែហ៊ូវលៀន ផ្តល់ឱ្យខ្ញុំនូវអារម្មណ៍ប្លែកពីគេ។ ធម្មជាតិរហោស្ថាន មនុស្សរួសរាយរាក់ទាក់ ហើយវប្បធម៌ក្នុងស្រុកត្រូវបានថែរក្សាយ៉ាងល្អ។ ខ្ញុំចូលចិត្តស្នាក់នៅផ្ទះហូមស្ទេ ទទួលទានអាហារប្រពៃណី ហើយស្តាប់អ្នកស្រុកសំណេះសំណាលរឿងរ៉ាវអំពីតំបន់ដីនេះ”។
“ខ្ញុំបានចំណាយពេលមួយថ្ងៃជិះកង់ជុំវិញ។ នៅទីនេះ ភ្នំព័ទ្ធជុំវិញភូមិដូចនៅក្នុងរឿងនិទានអញ្ចឹង”។
គ្រួសារមួយចំនួនបានជួសជុលផ្ទះឈើផុតពីដីប្រពៃណីទៅជាផ្ទះសំណាក់បែបហូមស្ទេ ដើម្បីទទួលភ្ញៀវ។ (រូបថត៖ baolangson.vn) |
ទេសចរណ៍សហគមន៍នៅ ហ៊ូវលៀន បានចាប់ផ្ដើមកកើតឡើង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅពេលដែលគ្រួសារមួយចំនួនបានជួសជុលផ្ទះឈើផុតពីដីប្រពៃណីទៅជាផ្ទះសំណាក់បែបហូមស្ទេ ដើម្បីទទួលភ្ញៀវ។ ផ្ទះឈើផុតពីដី ដែលដំបូលប្រក់ក្បឿងយិនយ៉ាង នៅតែរក្សាស្ថាបត្យកម្មប្រពៃណី ប៉ុន្តែបានបំពេញបន្ថែមគ្រឿងបរិក្ខារចាំបាច់សម្រាប់ភ្ញៀវទេសចរ។ លោក Ngo At Mao ម្ចាស់ផ្ទះសំណាក់ Mao Homestay នៅហ៊ូវលៀន បានឲ្យដឹងថា៖
“មិនត្រឹមតែភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងភ្ញៀវទេសចរបរទេសដែលមកដល់ហូមស្ទេរបស់គ្រួសារខ្ញុំ ក៏ដូចជាហូមស្ទេផ្សេងទៀតនៅទីនេះ នឹងទទួលបានអារម្មណ៍ដ៏ស្រស់ស្រាយនៅតំបន់ជនបទនេះ។ ទីពីរ ពួកគេអាចរីករាយនឹងវប្បធម៌ម្ហូបអាហារមូលដ្ឋាន។ ទីបី ពួកគេអាចឆ្លងកាត់បទពិសោធន៍ឡើងភ្នំ ដើរ trekking បោះជំរុំ និងរត់ហាត់ប្រាណដើម្បីរីករាយជាមួយរសជាតិជនបទ។ ភ្ញៀវទេសចរបរទេស និងក្នុងស្រុកភាគច្រើនពេញចិត្តចំពោះកន្លែងនេះ ដែលនៅតែរក្សាបាននូវលក្ខណៈដើមនៃផ្ទះប្រពៃណី។ ក្រៅពីនេះ ពួកគេក៏វាយតម្លៃខ្ពស់ចំពោះរបៀបថែទាំអតិថិជន លក្ខណៈស្នាក់នៅនិងម្ហូបអាហារដែលបំពេញតាមតម្រូវការរបស់ពួកគេផងដែរ”។
ផ្ទះសំណាក់នៅទីនេះច្រើនតែរៀបចំអាហារសាមញ្ញៗ ប៉ុន្តែសម្បូរបែប រួមទាំងម្ហូបប្រចាំតំបន់ជាច្រើន។ (រូបថត៖ baolangson.vn) |
យោងតាមអាជ្ញាធរមូលដ្ឋាន ការអភិវឌ្ឍទេសចរណ៍នៅ ហ៊ូវលៀន ជានិច្ចកាលផ្សាភ្ជាប់ទៅនឹងគោលដៅអភិរក្សតម្លៃធម្មជាតិ និងវប្បធម៌អរូបីរបស់ឃុំ។ នេះត្រូវបានចាត់ទុកថា ជាទិសដៅសំខាន់ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ខណៈដែលរក្សាបាននូវតម្លៃបេតិកភណ្ឌនៃមូលដ្ឋាន។ លោក Hoang Minh Tien អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ហ៊ូវលៀន ខេត្តឡាងសឺន បានមានប្រសាសន៍ថា៖
“បច្ចុប្បន្ន យើងកំពុងលើកកម្ពស់តម្លៃវប្បធម៌របស់សហគមន៍ជនជាតិ Dao។ យើងបានបង្កើតក្រុមសិល្បៈចំនួន ៦ ក្រុម។ ទីមួយគឺក្រុមសិល្បៈសហគមន៍ ទីពីរ គឺក្រុមទេសចរណ៍សហគមន៍ ហើយទី៣ គឺក្រុមច្រៀង Then និងលេងចាប៉ី Tinh ដើម្បីផ្សព្វផ្សាយវប្បធម៌ដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។ លើសពីនេះ យើងតែងតែណែនាំម្ចាស់ហូមស្ទេឱ្យសហការជាមួយក្រុមសិល្បៈ ដើម្បីថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌អរូបីរបស់ភូមិឃុំ ផ្សព្វផ្សាយតម្លៃវប្បធម៌អរូបី ព្រមទាំងផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារផងដែរ”។
ក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃគោលដៅជាច្រើន ភូមិទេសចរណ៍សហគមន៍ហ៊ូវលៀន ខេត្តឡាងសឺន នៅតែរក្សាបាននូវលក្ខណៈសាមញ្ញនិងសុខសាន្តត្រាណរបស់ខ្លួន។ ហើយកត្តានោះបានក្លាយជាកត្តាទាក់ទាញពិសេសសម្រាប់ភ្ញៀវទេសចរ។ ការអភិរក្សបេតិកភណ្ឌមិនត្រឹមតែជាការអភិរក្សអតីតកាលប៉ុណ្ណោះទេ ថែមទាំងក៏ជាមធ្យោបាយមួយដើម្បីបើកអនាគតទៀតផង។ ជាមួយនឹងទិសដៅនៃការតភ្ជាប់សហគមន៍ ធម្មជាតិ និងវប្បធម៌នោះ ហ៊ូវលៀនកំពុងអះអាងនូវឋានៈរបស់ខ្លួននៅលើផែនទីទេសចរណ៍អេកូឡូស៊ី និងទេសចរណ៍សហគមន៍នៅតំបន់ភាគឦសានវៀតណាម៕
Vietnamese
China
Japan
Korea
French
Russia
Germany
Spanish
Indonesian
Thai
Laos
Khmer


