លោកឧបនាយករដ្ឋមន្ត្រី ត្រឹន ហុង ហា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីយ៉ាម ជេ. ស៊ើរមែន នាយិកាធនាគារពិភពលោកប្រចាំនៅវៀតណាម (រូបថត៖ VGP/Minh Khoi)

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ធនាគារពិភពលោក ដែលជាដៃគូអភិវឌ្ឍន៍ឈានមុខគេ ដែលតែងតែគាំទ្រជួយឧបត្ថម្ភវៀតណាមប្រកបដោយប្រសិទ្ធភាព លើងវិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម និងបរិស្ថាន។ រាល់គម្រោងរបស់ធនាគារពិភពលោកបានផ្តល់ការជួយឧបត្ថម្ភជាក់ស្តែងដល់ប្រព័ន្ធធារាសាស្រ្ត ការគ្រប់គ្រងធនធានទឹក និងការផ្គត់ផ្គង់ទឹក ជាពិសេសនៅតំបន់ជនបទ និងតំបន់ដីសណ្តទន្លេគីវ ឡុង ដែលរួមចំណែកដល់ការធានាសន្តិសុខទឹក សុវត្ថិភាពទំនប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះគំនិតផ្តួចផ្តើមរបស់ធនាគារពិភពលោកក្នុងវិស័យទឹក ដោយចាត់ទុកថា គំនិតផ្តួចផ្តើមទាំងនេះសមស្របនឹងតម្រូវការជាក់ស្តែងរបស់វៀតណាម។ ចំពោះគម្រោង "ស្រូវដែលបំភាយឧស្ម័នទាបចំនួន ១លានហិកតានៅតំបន់ដីសណ្តទន្លេគីវឡុង" លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិ បាលបានយល់ព្រមចាត់តាំងក្រសួងកសិកម្ម និងបរិស្ថានជាភ្នាក់ងារគ្រប់គ្រងដើម្បីសម្របសម្រួលគម្រោងនេះ ដោយមានធនធានពីធនាគារពិភពលោក និងថវិកាមជ្ឈិម។

ចំណែកខ្លួនវិញ លោកស្រី ម៉ារីយ៉ាម ជេ. ស៊ើរមែន បានវាយតម្លៃខ្ពស់ចំពោះការឯកភាពគ្នាយ៉ាងមុតមាំ និងការប្តេជ្ញាចិត្តរបស់វៀតណាមលើគំនិតផ្តួចផ្តើមសហប្រតិបត្តិការរបស់ធនាគារពិភពលោកក្នុងការគ្រប់គ្រងធនធានទឹក។ លោកស្រីបានបញ្ជាក់ថា ការចូលរួមក្នុងគំនិតផ្តួចផ្តើមសកលមិនត្រឹមតែរួមចំណែកដល់ការលើកកម្ពស់រូបភាពប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសសម្រាប់វៀតណាមក្នុងការប្រើប្រាស់ធនធាន និងជំនាញពីធនាគារពិភពលោកផងដែរ៕